ពន្លឺចង្កៀងនៃសេចក្តីសង្ឃឹម

នៅភូមិមួយនាភាគខាងត្បូងរបស់ក្រុង លូ មានទំនៀមទម្លាប់មួយគឺ ពេលរាត្រីកាលចូលមកដល់
ស្រ្តីក្រមុំទាំងឡាយត្រូវនាំយកប្រេងកាតមករួមគ្នា ហើយអុជចង្កៀងត្បាញសំពត់របស់ខ្លួនក្នុង
បន្ទប់ដ៏ធំមួយដែលនៅចំកណ្តាលភូមិ។

“អ្នកទាំងអស់គ្នាមេត្តានាំយកប្រេងកាតរបស់អ្នកមករួមគ្នាទុកនៅទីនេះ” មេក្រុមប្រាប់ឲ្យគ្រប់គ្នា
នាំយកប្រេងមកចាក់រួមគ្នានៅក្នុងភាជនៈ។

ហេតុការណ៍ទំនងនេះកន្លងផុតទៅជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីកើតឡើង។ តមកមានស្រ្តីក្រមុំ
ម្នាក់ ជាមនុស្សទុគ៌តខ្លាំងណាស់ មិនមានប្រាក់ទិញប្រេងទេ តែនាងក៏មករួមត្បាញសំពត់ជាមួយ
អ្នកដទៃឯទៀតរាងរាល់ពេល។ ស្រ្តីម្នាក់ផ្សេងទៀតទើបនាំរឿងនេះទៅប្តឹងមេក្រុមថា “យីមើយ
មិនដែលនាំយកប្រេងមកសូម្បីម្តងឡើយ ធ្វើដូច្នេះវាជាការយកប្រៀបគេពេកហើយ”។ ចំណែក
ស្ត្រីផ្សេងៗ ទៀតក៏និយាយគាំទ្រជាសម្លេងតែមួយថា “ពិតមែនហើយ! ពិតមែនហើយ! ធ្វើដូច្នេះ
វាយកប្រៀបលើគេ ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកដទៃគេនាំយកប្រេងមក តែខ្លួនឯងបែរជា
មិនយកមក ហើយនៅហ៊ានមកអង្គុយរួមក្រុមជាមួយអ្នកដទៃថែមទៀត”។

មេក្រុមទើបសួរថា “បើដូច្នេះតើពួកយើងគួរធ្វើដូចម្តេចចំពោះ យីមើយ ទើបល្អ?” “មិនបាច់ឲ្យ
នាងមករួមត្បាញសំពត់ជាមួយនឹងពួកយើងតទៅទៀតទេ” បណ្តាសមាជិកឆ្លើយតបព្រមគ្នា។
យីមើយ ក៏ក្រោកឡើងនិយាយនៅកណ្តាលទីប្រជុំថា “ខ្លួនខ្ញុំជាមនុស្សក្រីក្រខ្លាំងណាស់ គ្មាន
ប្រាក់ទិញប្រេងចង្កៀងទេ ព្រោះដូច្នេះហើយទើបខ្ញុំមកដល់ទីនេះមុនអ្នកដទៃឯទៀត ដើម្បី
សំអាតទីកន្លែង ដុះជូត បោសច្រាស ចាត់តុកៅអី ផ្តល់ក្តីស្រណុកស្រួលដល់អ្នកទាំងអស់គ្នា
មិនគិតដល់ការនឿយហត់ ដោយគ្រាន់តែសង្ឃឹមបានបែងចែកពន្លឺភ្លើងពីអ្នកទាំងអស់គ្នា
ហេតុអ្វីក៏អ្នកទាំងអស់គ្នាក្រោធខឹងនឹងខ្ញុំខ្លាំងម្ល៉េះ? ប្រេងចង្កៀងសម្រាប់អ្នកទាំងអស់គ្នា
អាចមិនសំខាន់អ្វី តែសម្រាប់ខ្ញុំវាសំខាន់ខ្លាំងណាស់ ហេតុអីក៏អ្នកទាំងអស់គ្នាគិតបណ្តេញ
ខ្ញុំចេញទៅវិញ!”។

កាលបើបានស្តាប់ យីមើយ ពោលដូច្នេះ ម្នាក់ៗ ក៏មានអារម្មណ៍អាណិតអាសូ នឹកស្រណោះ
និង មានក្តីរំជួលចិត្តជាខ្លាំង ចំពោះសេចក្តីព្យាយាមដ៏មុះមុតរបស់នាង ទើបព្រមព្រៀងគ្នា
អនុញ្ញាតឲ្យនាងចូលរួមត្បាញសំពត់ជាមួយដែរ។

*****************រឿងនេះបង្រៀនឲ្យដឹងថា*******************

ក្នុងសង្គមគ្រប់សង្គម បើគ្រប់គ្នាម្នាក់ៗ ចេះពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ចេះបែងចែក
ជួយសង្គ្រោះគ្នាទៅវិញទៅមក អ្នកមានទ្រព្យឲ្យទ្រព្យ អ្នកមានកម្លាំងឲ្យកម្លាំង អ្នកមានគំនិត
ផ្តល់គំនិត កាលបើធ្វើដូច្នេះការរួមរស់នៅជាមួយគ្នារមែងកើតសន្តិសុខ តែបើម្នាក់ៗ ឃើញតែ
ប្រយោជន៍ផ្ទាល់ខ្លួន នាំយកអារម្មណ៍ខ្លួនមកកាត់ក្តីអ្នកដទៃ ការរស់នៅជាមួយគ្នារមែងមាន
តែសេចក្តីទុក្ខខ្វល់ខ្វាយ បញ្ហាក៏នឹងកើតមិនចេះចប់មិនចេះហើយនោះទេ។

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in និទានបង្រៀនគំនិត. Bookmark the permalink.

Leave a comment