សំពត់កណ្តាចខ្ចប់មាស

កាលកន្លងយូរមកហើយ មានតៀមលក់ស្រាមួយកន្លែងស្ថិតនៅក្បែរជើងភ្នំ។ ម្ចាស់តៀមនាម
ត្រកូល អ៊ូជាមនុស្សស្មោះត្រង់ និង មានគុណធម៌ល្មមសមគួរ។ ព្រឹទ្ធាចារ្យ អ៊ូ និងភរិយាបើក
តៀមកន្លែងនេះជាយូរយារណាស់មកហើយ។ ចំណូលក៏ល្មមបណ្តោះបានមួយថ្ងៃៗ។ តមក
ក្មួយប្រុសសាច់ឆ្ងាយរបស់ព្រឹទ្ធាចារ្យ អ៊ូ បានមកសុំធ្វើការជាមួយនឹងគាត់ដែរ។​ ព្រឹទ្ធាចារ្យមិន
អាចប្រកែកបានទើបទទួលក្មួយប្រុសម្នាក់នេះទុកជាអ្នករត់ដើរបម្រើភ្ញៀវប្រចាំតៀមនេះទៅ។

ក្មួយប្រសរបស់ព្រឹទ្ធាចារ្យជាមនុស្សខ្វះសន្តានចិត្ត គ្មានមារយាទ និយាយស្តីគ្រោតគ្រាតមិន
គួរឲ្យស្តាប់។ ព្រឹទ្ធាចារ្យនិយាយស្តីដាស់តឿន​ក្មួយម្នាក់នេះស្ទើរសឹកបប៊ូមាត់អស់ហើយ តែ
គេក៏នៅដូចដើម មិនមានការផ្លាស់ប្តូរអ្វីឡើយ។

ថ្ងៃនេះ ទើបនឹងបើកតៀមប៉ុណ្ណោះ ក៏មានបុរសជរាម្នាក់ដើរមកពីទិសខាងត្បូងតម្រង់មកកាន់
តៀមនេះ។ បុរសជរារើសកន្លែងអង្គុយនៅតុក្បែរមាត់បង្អួច។ មុខមាត់របស់គាត់ប្រឡាក់
ប្រឡូសទៅដោយល្អងធូលីដី។​ សក់បាស់ក្រញើងហាក់ដូចមិនបានសិតមករាប់ឆ្នាំ។ ខោអាវ
ដែលគាត់ស្លៀកពាក់ដាច់ដាចររយារយ៉ៃ ព្រមទាំងធុំក្លិនសារថែមទៀត ជាពិសេសជាលតូច
ដែលគាត់ស្ពាយនៅខាងក្រោយមួយនោះមានមាត់ចងដោយខ្សែនិងលួសរយីករយាក អាក្រក់
មើលមែនទែន សភាពរបស់បុរសជរាម្នាក់នេះពិបាកមើលជាងអ្នកសុំទានទៅទៀត។

តាមពិតទៅ បើអ្នកមានទស្សនៈល្អបន្តិចអាចស្មានបានថា បុរសជរាម្នាក់នេះមិនមែនជាមនុស្ស
ធម្មតាសាមញ្ញឡើយ។ មើលតាមរដូវកាល វេលានេះជាកំឡុងពេលដែលអ្នកផ្សងព្រេងស្វែង
លាភនាំគ្នាត្រឡប់មកផ្ទះ ជាពិសេសអ្នកដែលតែងខ្លួនដាច់យ៉ៃដូច្នេះកាន់តែសម្តែងឲ្យឃើញថា
ជាមនុស្សស្តុកស្តម្ភមហាសាល និយាយបានថាសំពត់កណ្តាចខ្ចប់មាសយ៉ាងពិតប្រាកដ។

ក្មួយប្រុសរបស់ព្រឹទ្ធាចារ្យ ជាប្រភេទមនុស្សដែលមានភ្នែកតែឥតប្រស្រី លុះឃើញបុរសជរា
អង្គុយចុះនៅឯតុ ក៏គិតមើលងាយមើលថោកមិនព្រមចាក់ទឹកតែឲ្យគាត់ដូចដែលប្រណិបត្តិ
ចំពោះភ្ញៀវដទៃទៀតឡើយ។

បុរសជរាចាំហើយចាំទៀត ដល់ថ្នាក់ស្រែកហៅអ្នកបម្រើៗ ពីរបីដងក៏មិនបានទទួលការចាប់
អារម្មណ៍។

“​ ក្មួយប្រុស យកសាច់ក្លែមនិងស្រាមកឲ្យអ៊ុំផង”។

បុរសជរាស្រែកហៅជាលើកទីបួន គាត់ទ្រាំលែងបាន ទើបក្រោកឡើងស្រែកសួរថាៈ-” នែ!
ឯងនឹងលក់ដូរឫក៏អត់ហ្នឹង?”

ក្មួយប្រុសម្ចាស់តៀមទើបដាក់ការងារពីដៃរបស់ខ្លួន ឆ្លើយតបយ៉ាងមើលងាយថាៈ- “ពិតជា
លក់! តែតាឯងមានលុយចាយទេ? មនុស្សដូចតាឯង នៅឲ្យស្ងៀម វាល្អជាជាង…”។

បុរសជរាពុះកញ្ជ្រោលជាខ្លាំង សួរថាៈ- “តៀមរបស់ឯងមានអ្វីលក់ខ្លះ?” ក្មួយប្រុសម្ចាស់តៀម
ឆ្លើយតបយ៉ាងគ្មានក្រែងចិត្តក្រែងថ្លើមថាៈ- “តាឯងសួរធ្វើអី មានអ្វីលក់ខ្លះ ហ៊ឹះ មនុស្សដូច
តាឯងមានប្រាក់ទិញរបស់ក្នុងតៀមខ្ញុំឫ?”

បុរសជរាខឹងទាល់ញ័រមាត់ តបថាៈ- “បើយើងគ្មានបញ្ញាទិញ តើយើងចូលមកក្នុងតៀម
ឯងធ្វើអី?”

ក្មួយម្ចាស់តៀម តបយ៉ាងព្រហើនថាៈ- “បាន! តាឯងចង់បានអ្វី តៀមរបស់ខ្ញុំមានគ្រប់
យ៉ាង យកខួរក្បាលមនុស្សចៀនទេ?”

បុរសជរាសើចយ៉ាងចិត្តត្រជាក់ថាៈ-

“ឯងនិយាយហើយត្រូវតែរក្សាសម្តីវើយ”

“អើ! ប្រាកដហើយ”

“ឯងប្រយ័ត្នស្តាយក្រោយវើយ”

“មិនស្តាយក្រោយយ៉ាងពិតប្រាកដ”

“ក្នុងលោកនេះគ្មានថ្នាំកែរោគស្តាយក្រោយទេវើយ អាក្មួយប្រុស”

“ឈប់ព្រុះទៀតទៅ ទិញឫអត់ ខួរក្បាលមនុស្សចៀននោះ”

“អើ! ប្រាកដជាទិញហើយ អាហារផ្សេងទៀតអញមិនកុម្មង់ទេ អញយកតែខួរមនុស្សចៀន
ពីរចាន ហើយនឹងស្រាស មួយប៉ាន់ប៉ុណ្ណោះ”

“តាឯង…….តាឯងនិយាយថាម៉េច?”

ក្មួយម្ចាស់តៀមមានអារម្មណ៍តក់ស្លត់បន្តិច គេគិតមិនដល់ថាបុរសជរាម្នាក់នេះនឹងហ៊ានល្បង
ជាមួយគេកុម្មង់អាហារដែលគេបាននិយាយផ្តេសផ្តាសទៅនោះ។

បុរសជរាមិនបន្ធូរបន្ថយ សួរតទៅទៀតថាៈ- “ខួរក្បាលមនុស្សមួយចានតម្លៃប៉ុន្មាន និយាយ
មកចុះ?”

ក្មួយប្រុសម្ចាស់តៀមគិតក្នុងចិត្តថា…យើងមិនគួរភ្ញាក់ផ្អើលអ្វីឡើយ មើលរាងរបស់គាត់នេះ
មិនមែនជាមនុស្សមានប្រាក់នោះទេ បើយើងប្រាប់តម្លៃថ្លៃៗ គាត់នឹងយកប្រាក់ពីណាមកទិញ…
គិតដូច្នេះហើយកម្លោះមាត់ស្រួយទើបផ្លាស់ឥរិយាបទពីភ័យតក់ស្លុត ប្រែទឹកមុខជាឆ្មើងកន្ត្រើង
សើចយ៉ាងព្រហើនថាៈ-

“ខួរក្បាលមួយចានតម្លៃមួយរយតម្លឹង” គេគិតថារាងយ៉ាងតាចាស់នេះនឹងរកប្រាក់មួយរយ
តម្លឹងមកពីណាប្រាប់តម្លៃស្រេចហើយគេក៏ចំហមាត់ចាំសើចចំអកឲ្យ តែត្រូវបុរសជរានិយាយ
កាត់ចង្វាក់ឡើងថាៈ-

“ឯងប្រាប់តម្លៃហើយ អញក៏នឹងចាយប្រាក់ឥឡូវនេះ” និយាយចប់ បុរសជរាក៏ឳនចុះចាប់
យកជាលតូចរបស់គាត់មកដាក់លើតុ គាត់បើកគម្របជាលចេញ ខាងក្នុងមានការុងកញ្ចាស់
ដាច់ពុកផុយមួយ។

ពេលនេះ ភ្ញៀវប្រុសស្រីក្នុងតៀមនាំគ្នាភ្ញាក់ផ្អើលចូលមកចោមរោមមើលហេតុការណ៍ដែល
កំពុងតែជក់ចិត្តដល់កំពូលនេះ។ ម្នាក់ៗ សម្លឹងមើលទៅក្នុងស្បោងមួយនោះ ហើយឧទាន
ឡើងព្រមគ្នាថាៈ-

“ស្លាប់ហើយ!…ស្លាប់ហើយ !នោះគឺជាមើមថ្នាំសោម(Ginseng)ពាន់ឆ្នាំ”

“អូហូ!….មានរហូតដល់ដប់មើមឯណោះ”

​ “នេះគឺជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ”

ក្មួយប្រុសម្ចាស់តៀមបានឮពាក្យវិភាគវិចារណ៍ទាំងនេះហើយ ក៏មានអារម្មណ៍ទន់ជង្គង់
ភ្លាម គេឈរស្លឺនៅត្រង់នោះឯង។

កុំថាតែកម្លោះគ្រោតគ្រាតខ្វះការសិក្សាម្នាក់នេះឡើយ សូម្បីព្រឹទ្ធាចារ្យដែលមានអាយុ ៦០
ជាងស្គាល់ព្រៃភ្នំយ៉ាងច្បាស់លាស់ទាំងឡាយ ក៏មិនដែលឃើញ មើមសោមបូរាណដែល
មានទំហំធំដូច្នេះពីមុនមកឡើយ។ មួយពព្រិចភ្នែកនោះឯង តៀមស្រាដ៏តូចមួយនេះ
ក៏កកកុញឆ្លេឆ្លាហាក់ដូចទឹកក្តៅដែលកំពុងពុះកញ្ជ្រោល។

សម្លេងចៀវចាវនៅមុខតៀម ធ្វើឲ្យថៅកែភ្ញាក់ផ្អើលរត់ចេញមកមើល។ លុះដឹងថាក្មួយ
ប្រុសរបស់គាត់ករឿងធំហើយ ទើបប្រញាប់រត់មកលុតជង្គង់សុំខមាចំពោះបុរសជរា
អង្វរករបណ្តើរផងថាៈ- “លោកព្រឹទ្ធាចារ្យ មេត្តាកុំខឹងឡើយ ព្រោះគេនៅក្មេងណាស់
មិនដឹងខុសត្រូវអ្វីទេ ខ្ញុំសូមគារវៈលោកជំនួសវាផងទៅចុះ..”។

បុរសជរាឃើញថៅកែម្ចាស់តៀមសក់ស្កូវសព្រោង និងជាមនុស្សចាស់ទុំម្នាក់មិនសមគួរក្រាប
គាត់បែបនេះឡើយទើបប្រញាប់ឳនចុះព្រយុងឲ្យថៅកែក្រោកឡើង តែថៅកែមិនព្រមដាច់
អហង្កា ហើយនិយាយអង្វរករទៀតថាៈ-

“បើលោកព្រឹទ្ធាចារ្យមិនបាត់ខឹងទេ ខ្ញុំក៏មិនអាចក្រោកឡើងបានដែរ”។

បុរសជរាដកដង្ហើមធំមួយខ្សឺតរួចហើយនិយាយថាៈ- “ណ្ហើយចុះ….ណ្ហើយចុះ….យើងឈប់
ខឹងហើយ….”។

ថៅកែទើបព្រមក្រោកឈរឡើង។ បុរសជរាសួរថៅកែថាៈ-

“អ្នកកម្លោះម្នាក់នេះត្រូវជាអ្វីនឹងលោក?”

“ជាក្មួយប្រុសរបស់ខ្ញុំនេះឯង”

“តទៅនេះលោកត្រូវប្រដែរប្រដៅអ្នកកម្លោះនេះឲ្យបានល្អផង។ មនុស្សយើងកើត
មកមួយជាតិ​ ជីវិតតែងមានឡើងមានចុះ ជួនកាលដួងឡើង ជួនដួងធ្លាក់ អ្នកខ្លះជាមនុស្ស
ស្តុកស្តម្ភបីដង ក្របីគ្រាទម្រាំចាស់ជរាលាចាកលោកនេះទៅ តើមានអ្វីខ្លះដែលទៀងទាត់
នោះ។ មនុស្សដែលចូលចិត្តមើលងាយមើលថោកអ្នកដទៃ ចូលចិត្តបែងចែកវណ្ណៈខ្ពស់
ទាបមានក្រ ជាមនុស្សចិត្តខ្មៅ ឃោរឃៅ សេពគប់មិនបានទេ”។

ថៅកែប្រញាប់ឆ្លើយទទួលថាៈ-​”ត្រឹមត្រូវណាស់បាទ លោកមានប្រសាសន៍ត្រឹមត្រូវឥតខ្ចោះ”
“យ៉ាងខ្ញុំនេះ ទម្រាំមានថ្ងៃនេះ ខ្ញុំត្រូវលះបង់ពេលវេលាទាំងជីវិត រុករានរស់នៅក្នុងព្រៃភ្នំជ្រោះ
ជ្រៅដល់ទៅហាសិបឆ្នាំជាង….”។ បុរសជរានិយាយបណ្តើរបិទគម្របជាលបណ្តើររួចហើយ
ស្ពាយដាក់លើខ្នង សន្សឹមៗ ដើរចេញពីតៀមស្រានោះទៅ។

រឿងនេះក្លាយជាពត៌មានជ្រួលជ្រើមនៅក្នុងភូមិម្តុំនេះមួយរយៈធំ។ ថៅកែម្ចាស់តៀមមោហោ
យ៉ាងខ្លាំង ចង់បណ្តេញក្មួយប្រុសមាត់ផុយម្នាក់នេះចេញពីតៀមទៅ តែក្មួយប្រុសម្នាក់នេះ
បានទទួលមេរៀនពីហេតុការណ៍គ្រានេះរួចហើយ ចិត្តគំនិតរបស់គេដូចជាត្រូវបានដុសលាង
ឲ្យស្អាតស្អំច្រើនជាងពីមុន គេនិយាយស្បថជាមួយអ្នកជាពូថា​ តទៅនេះនឹងឈប់មើលងាយ
អ្នកដទៃទៀតហើយ។

តាំងពីពេលនោះមក បរិយាកាសក្នុងតៀមស្រាមួយនេះក៏បានផ្លាស់ប្តូរទៅ។ ភ្នាក់ងារទទួល
ស្វាគមន៍ ឈប់បែងក្រេដបែងវណ្ណៈភ្ញៀវ ដោយសម្លៀកបំពាក់និងគ្រឿងប្រដាប់ដែលភ្ញៀវ
ស្លៀកពាក់ទៀត។ តៀមស្រានេះមិនមានបរិយាកាស់នៃការបែងចែកវណ្ណៈភ្ញៀវដែលមក
គាំទ្រតទៀតឡើយ៕

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in និទានបង្រៀនគំនិត. Bookmark the permalink.

5 Responses to សំពត់កណ្តាចខ្ចប់មាស

  1. ដូចរឿងផ្លែព័រដែរ?

Leave a comment