បញ្ហាហើយនឹងឧបសគ្គ

“បញ្ហាធ្វើឲ្យបង្កើនចំនេះដឹង” រឹ “ចូរត្រឡប់វិបត្តិឲ្យក្លាយជាឪកាស” គឺជាសម្តីដែលយើងបាន
ឭបានស្តាប់មកជាប្រចាំ គ្រាន់តែថាតើយើងនឹងអាចធ្វើវាបានល្អប៉ុណ្ណាពេលដែលឧបសគ្គ
ចូលមកសួរសុខទុក្ខយើងពិតមែននោះ។

យើងទាំងអស់គ្នាដឹង ថាហាមអស់សង្ឃឹមហាមរួញរាពេលជួបប្រទះនឹងឧបសគ្គ ដឹងថាគ្រប់
បញ្ហាតែងមានមធ្យោបាយដោះស្រាយ ដឹងថាបញ្ហានឹងធ្វើឲ្យយើងមាំទាំខ្លាំងឡើង……..គឺដឹង
គ្រប់យ៉ាងតែលុះដល់បានប្រឈមមុខជាមួយបញ្ហាពិតប្រាកដមែន ត្រឡប់អាចធ្វើបានត្រឹម
រួញរាអស់សង្ឃឹមហាក់ដូចជានឹងដាច់ខ្យល់ ហើយវាមិនមែនជារឿងប្លែកទេដែលយើងមាន
អារម្មណ៍កើតឡើងដូច្នោះ។

មុននឹងស៊ូសាកល្បងសម្រាកបន្តិចសិន ធ្វើចិត្តឲ្យស្ងប់ គិតឲ្យបានល្អិតល្អន់ហើយសិមក្រោក
ឡើងស៊ូក៏វានៅមិនទាន់យឹតពេលដែរ។

ខ្ញុំគិតថាបញ្ហាវាមានពីយ៉ាង គឺ បញ្ហាដែលយើងគ្រប់គ្រងបានរឺដោះស្រាយបាន ហើយនឹង
បញ្ហាដែលយើងគ្រប់គ្រងវាមិនបាន តែមិនថាបញ្ហាវាមានមុខមាត់ដូចម្តេច ចូរដឹងថាបញ្ហា
ដែលចូលមកវាស្គាល់យើងបានល្អណាស់វាដឹងថានឹងវាយប្រហារយើងពីចំនុចណា ដូច្នេះ បើមិនចង់បរាជ័យចូរយើងស្វែងយល់ឲ្យបានជាក់ច្បាស់នូវបញ្ហានោះឲ្យដូចដែលវាស៊ីជម្រៅ
មកលើយើង ស្រេចហើយយើងនឹងបានឃើញថាការត្រឡប់វិបត្តិឲ្យក្លាយជាឪកាសនោះតើ
គេធ្វើដូចម្តេច ដូចមាននិទានមួយដែលគេនិយាយតៗ គ្នាមកថាៈ-

កាលគ្រាមួយយូរមកហើយ មានកសិករម្នាក់ចិញ្ចឹមសត្វលាដែលមានវ័យចំណាស់មួយ
ក្បាល។ ថ្ងៃមួយកសិករនាំលាចាស់នោះចេញទៅខាងក្រៅ ដោយភាពល្ងង់ខ្លៅវាបានដើរ
ពាសវាលរហូតធ្លាក់ទៅក្នុងអណ្តូងមួយកន្លែង វាស្រែកទ្រហ៊ោយំអស់កាលយូរគ្រាន់បើ
ចំណែកឯកសិករក៏ត្រិះរិះរកវិធីជួយសត្វលានោះឲ្យឡើងមកខាងលើ នៅទីបំផុតពូកសិករ
គាត់គិតឃើញដូច្នេះថាៈ-

សត្វលានេះវាមានវ័យចំណាស់ខ្លាំងណាស់ទៅហើយ ម្យ៉ាងអណ្តូងនេះក៏នឹងត្រូវលប់
ផងដែរ វាមិនរួចថ្លៃទេក្នុងការជួយលានោះ គិតហើយគាត់ក៏ទៅសុំកម្លាំងអ្នកភូមិផង
របងជាមួយឲ្យមកជួយលប់អណ្តូងនោះ។ អ្នកភូមិនាំគ្នាយកប៉ែលចូកដីបាចសាចទៅក្នុង
អណ្តូង គ្រាដំបូងពេលដែលដីធ្លាក់ទៅត្រូវខ្នង លាភ្ញាក់ព្រើតភ័យហើយវាដឹងជតាកម្ម
របស់ខ្លួនភ្លាមផងដែរ ទើបវាស្រែកទ្រហ៊ោយំឲ្យគេជួយ។

តែមួយសន្ទុះក្រោយមកទាំងអស់គ្នាក៏ចម្លែកក្នុងចិត្តដែលសត្វលានោះឈប់ស្រែក ពេល
គេនាំគ្នាចូកដីចាក់ទៅក្នុងអណ្តូងពីបីប៉ែលក៏ឪនមើលទៅក្នុងអណ្តូង ទើបប្រទះនឹងសភាព
ដែលគួរឲ្យប្លែកគឺថា គ្រប់ពេលដែលដីធ្លាក់ទៅត្រូវខ្នង លាក៏រលាស់ដីនោះចេញពីខ្នងរួច
ហើយក៏ឈានឡើងទៅជាន់លើដីនោះ កាលបើអ្នកស្រុកនាំគ្នារវាសដៃរវាសជើងបាចដី
ចុះទៅលឿនប៉ុណ្ណា លាក៏ឈានឡើងមកបានកាន់តែលឿនឡើងប៉ុណ្ណឹងផងដែរ មិនយូរ
ប៉ុន្មាន លាក៏អាចចាកចេញពីអណ្តូងនោះបាន។

និទានរឿងនេះផ្តល់ចំនុចដែលគួរឲ្យគិតបានល្អណាស់ គឺសត្វលានោះចេះបំប្លែងគ្រោះឲ្យ
ក្លាយជាឪកាសបាន បើសិនវាចុះចាញ់តាំងពីដំបូង មិនព្រមរើបម្រាស់ ម្ល៉េះសមជីវិតរបស់
វាប្រហែលត្រូវបានកាត់ក្តីដោយអ្នកដទៃ ហើយខ្លួនវាត្រូវបានដីលប់បាត់នៅក្នុងបាតអណ្តូង
នោះស្រេចបាត់ទៅហើយ ដូចគ្នានេះដែរ ឧបសគ្គដែលជោរជន់ចូលមកក៏ប្រដូចដីដែលបាច
សាចចូលមករកខ្លួនយើង កុំចុះចាញ់ចូរកែខៃដើម្បីឲ្យយើងបានឈានជើងជាន់ពីលើវាហើយ
ឈានឡើងឲ្យកាន់តែខ្ពស់ថែមទៀត។

“មនុស្សយើងកើតមកដូចគ្នា បញ្ហាហើយនឹងឧសគ្គតែងមានជាប្រចាំ ជួបឧបសគ្គគ្រាដំបូង
អាចមានអារម្មណ៍រួញរាអស់កម្លាំង ព្រមទាំងនឿយណាយ តែបើបានតម្រង់ស្មារតី រមិលមើល
ហើយរំពៃត្រិះរិះស៊ីជម្រៅឲ្យឃើញជាក់លាក់ថាតើបញ្ហាវាកើតចេញពីប្រភពណា នោះយើងក៏
អាចនឹងយកឈ្នះហើយឆ្លងកាត់បញ្ហាទាំងពួងទៅបាន”

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in កលយុទ្ធដំណើរជីវិត, និទានបង្រៀនគំនិត. Bookmark the permalink.

Leave a comment