បញ្ញា ប្រសើរជាងទ្រព្យ

កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះធ្វើដំណើរទៅកាន់ស្រុកមួយ។ នៅ
ពាក់កណ្តាលផ្លូវ គាត់បានចងសេះរបស់គាត់នៅនឹងដើមឈើមួយដើមហើយក៏ទៅទទួលទាន
អាហារដែលបានខ្ចប់មក។ មួយសន្ទុះបន្ទាប់មកក៏មានសេដ្ឋីម្នាក់មកឈប់សេះនៅត្រង់ហ្នឹងដែរ
ហើយចងសេះរបស់គាត់នៅនឹងដើមឈើដែលបុរសចាស់នោះបានចង។

បុរសចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា “សូមកុំចងសេះរបស់លោកជិតសេះរបស់ខ្ញុំអីសេះ
របស់ខ្ញុំវាកាចខ្លាំងណាស់ អាចប្រទូសរ៉ាយសេះរបស់លោកដល់ជីវិតក៏បានសូមមេត្តាយកទៅ
ចងនៅកន្លែងផ្សេងវិញទៅបាទ។

“យើងចងនៅឯណាក៏បាន យើងជាអ្នកមាននរណាមកធ្វើអីយើងបាន” សេដ្ឋីតបយ៉ាងគម្រោះ
គម្រើយ។

បុរសចាស់តបថា “ខ្ញុំបា្រប់លោកដោយសេចក្តីប្រាថ្នាល្អទេតើ កាលបើលោកមិនជឿក៏ស្រេចតែ
ចិត្តលោកទៅចុះ ” បន្ទាប់មកសេដ្ឋីក៏ចងសេះនៅនឹងដើមឈើដែលបុរសចាស់បានចងនោះ
ហើយដើរទៅទទួលទានអាហារពេលថ្ងៃ។

ក្រោយពីនោះបន្តិច សេះក៏បានពុះកញ្ជ្រោលហ៊ោកញ្ជ្រៀវដាក់គ្នាយ៉ាងខ្លាំង។ បុរសចាស់ហើយ
នឹងសេដ្ឋីក៏រត់ចែកជើងគ្នាទៅចាប់ទាញសេះរៀងៗ ខ្លួន តែវាបានយឺតពេលទៅហើយព្រោះសេះ
របស់សេដ្ឋីត្រូវសេះរបស់បុរសចាស់ចាត់ការក្សិណក្ស័យបាត់ទៅហើយ។

“នែ៎! អាកញ្ចាស់ ឯងនឹងធ្វើដូចម្តេច សេះរបស់អញស្លាប់ទៅហើយ” សេដ្ឋីគំហកដោយសេចក្តី
ក្រោធ “ឯងត្រូវតែសងថ្លៃសេះឲ្យអញ យកមកឥឡូវនេះ! កុំត្រេតទ្រោត”។

“ខ្ញុំបានប្រាប់លោកហើយ តែលោកមិនព្រមជឿខ្ញុំនេះបាទ លោកនឹងមកបន្ទោសខ្ញុំក៏វាមិនត្រូវ”
បុរសចាស់និយាយយ៉ាងមានហេតុផល។

សេដ្ឋីតម្លើងសសៃ-កទៀតថា “ឯងកុំនិយាយច្រើន យកមកឲ្យអញភ្លាម”។

“ពុទ្ធោ! ខ្ញុំជាមនុស្សក្រីក្រ នឹងយកប្រាក់ពីណាមកឲ្យលោកបានទៅ ខ្ញុំមិនមានពិតមែនបាទ”។

សេដ្ឋីឃើញថាបើតមាត់ត-កគ្នាតទៅទៀតក្រែងខូចពេលវេលា ទើបអូស-កបុរសចាស់ម្នាក់នោះ
ទៅរកតុលាការ។ លុះទៅដល់ហើយសេដ្ឋីក៏ពោលឡើងថា “បពិត្រតុលាការអ្នកទ្រទ្រង់ទុកនៅ
ភាពយុត្តិធម៌ សូមមេត្តាជម្រះក្តីឲ្យដល់ខ្ញុំបាទផង គឺថាសេះរបស់តាចាស់ម្នាក់នេះបានប្រទូស
រ៉ាយសេះរបស់ខ្ញុំដល់ស្លាប់ សូមមេត្តាកាត់ក្តីឲ្យតាចាស់នេះសងប្រាក់ថ្លៃសេះដល់ខ្ញុំផង ឫបើ
មិនដូច្នោះក៏ដាក់គុកឲ្យផង”។

តុលាការបានស្តាប់ដូច្នោះទើបបែរមុខទៅរកបុរសចាស់ពោលថា “យ៉ាងម៉េចដែរដើមចម្លើយ
តើជាការពិតឫ ដែលគេចោទថាសេះរបស់តាទៅប្រទូសរ៉ាយសេះរបស់គេស្លាប់?

តែបុរសចាស់នៅស្ងៀមមិនព្រមនិយាយអ្វីចេញមកសូម្បីមួយមាត់ តុលាទើបសួរទៀតថា
“តានិយាយបានឫអត់ហ្នឹង?”

តែបុរសចាស់នោះក៏នៅស្ងៀមទៀត តុលាការទើបសួរតទៅទៀតថា “តាឯងគឫ?” បុរស
ចាស់ក៏នៅស្ងៀមដូចដើម។

កាលបើតុលាការមិនអាចទទួលបានចម្លើយពីបុរសចាស់ហើយនោះ ទើបបែរទៅសួរសេដ្ឋីថា
“អេ! យើងនឹងធ្វើដូចម្តេចល្អហ៎ៈ ព្រោះដើមចម្លើយមិនព្រមនិយាយ នឹងបដិសេធឫសារភាពក៏
មិនព្រមនិយាយអ្វីចេញមក ដើមចម្លើយជាមនុស្សគទេដឹង?”

“អូហូ! មិនអាចទៅរួចទេ ដើមចម្លើយអាចនិយាយបានរហ័សរហួនដូចយើងគេនេះឯងអម្បាញ់
មិញបានប្រកែកតមាត់ត-កជាមួយនឹងខ្ញុំកោកៗ នៅឡើយ “សេដ្ឋីអះអាងយ៉ាងម៉ឹងម៉ាត់។

“ប្រាកដណឹះ?” តុលាបញ្ជាក់

“ពិតប្រាកដណាស់”

“ហើយចុះដើមចម្លើយនិយាយយ៉ាងដូចម្តេចខ្លះ?

សេដ្ឋីទើបតបថា “ដើមចម្លើយនិយាយជាមួយរូបខ្ញុំមួយសន្ទុះមុននេះថា កុំចងសេះរបស់ខ្ញុំក្បែរ
សេះរបស់គេ ព្រោះសេះរបស់គេកាចណាស់អាចសម្លាប់សេះរបស់ខ្ញុំស្លាប់ក៏បានសុំឲ្យខ្ញុំទៅ
ចងនៅឯដើមឈើផ្សេងវិញទៅ”។

“ល្អហើយអញ្ចឹង!” តុលាពោលឡើង “ក៏ចាត់ទុកថាបានការពិតហើយ កាលបើដើមចម្លើយបាន
ដាស់តឿនដើមចោទឲ្យទៅចងសេះទុកនៅដើមឈើផ្សេងហើយដូច្នេះ ក៏ជាកំហុសរបស់ដើម
ចោទខ្លួនឯងដែលនៅរឹងរូសទៅចងសេះទុកជិតសេះរបស់ដើមចម្លើយៗ មិនបាច់សងថ្លៃសេះ
អ្វីនោះទេព្រោះគេគ្មានកំហុសអ្វី” តុលាការពោលពាក្យកាត់ក្តីភ្លាម។

រួចហើយតុលាទើបបែរទៅសួរបុរសចាស់ថា “នែ៎! ហេតុអីតាឯងមិនឆ្លើយតបនឹងសំនួររបស់
យើង?”

“បពិត្រតុលាការអ្នកទ្រទ្រង់ទុកនៅភាពយុត្តិធម៌ ខ្ញុំជាមនុស្សតូចទាប ក្រីក្រ បើខ្ញុំនិយាយចេញ
ទៅថា បានហាមប្រាមគេហើយ មាននរណាគេនឹងជឿទៅថាខ្ញុំនិយាយការពិត ដូច្នេះទើបខ្ញុំ
មិនព្រមនិយាយការពិតចេញមកខ្លួន វានឹងមានទម្ងន់ល្អជាង”។

តុលាការមានការពេញចិត្តនឹងភាពវាងវៃរបស់បុរសចាស់ម្នាក់នេះយ៉ាងខ្លាំង ហើយបានបណ្តេញ
សេដ្ឋីចេញទៅដោយមិនបានចាយប្រាក់ពិន័យសូម្បីមួយកាក់ ព្រមទាំងបាក់មុខបាក់មាត់មនុស្ស
ម្នាទូទាំងស្រុកថែមទៀត។

About នូ​ ចំណាន

"ទុកចោលវាចាស់ ប្រើណាស់វាថ្មី"
This entry was posted in និទានបង្រៀនគំនិត. Bookmark the permalink.

Leave a comment